Wednesday, 12 January 2011

ទេពកោសល្យ​ដឹកនាំ​របស់​យុវតី​ខ្មែរ​​ សម័យ​​បច្ចុប្បន្ន


Published on វិប​ផតថល​ស្តី​អំពី​ស្ត្រី​ :: Empowerment for Social Change (http://women.open.org.kh)


ភាពជា​អ្នក​ដឹក​នាំ​ ចំពោះ​​នាង​ខ្ញុំ​ គឺ​ជា​ការ​ជះ​ឥទ្ធិពល​ទៅ​លើ​មនុស្ស​ ឲ្យ​ពួក​គាត់​  ចេះ​ប្រើប្រាស់​​សក្ដានុពល​ដ៏​ប្រសើរ​បំផុត​ដែល​​ខ្លួន​មាន​ ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​​បាន​ប្រសើរ​ឡើង​ តាម​រយៈ​​ការ​គិត​ធំ​ ផ្ដើម​ធ្វើ​ពី​តូច​ "នេះ​គឺ​ជា​សម្ដី​​របស់​កញ្ញា នាង សុវត្ថានា​ ប្រធាន​ "សមាគម​គំនិត​ផ្ដួចផ្ដើមនៃ​ការ​ផ្លាស់​ប្ដូរ​" នៅ​ក្នុង​បទសម្ភាសន៍​មួយ​ ជាមួយ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ ។ កញ្ញា​​​ ត្រូវ​បាន​មជ្ឈដ្ឋាន​ជុំវិញ​​ ទទួល​ស្គាល់​ថា ជា​នារី​ឆ្នើម​មួយ​រូប​ ដោយសារ ទេពកោសល្យ​ដឹក​នាំ​ដ៏​ប៉ិន​ប្រសប់​​របស់​កញ្ញា​ ដែល​មាន ទស្សនវិស័យ​ "គិត​ធំ ផ្ដើម​ធ្វើ​ពី​តូច" ​អនុញ្ញាត​ឲ្យ​កញ្ញា​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​សមាគម ចូល​ប្រឡូក​ក្នុងពិភព​ការងារ​តាំងពី​វ័យ​ក្មេង​ ។ 
សុវត្ថានា បាន​ដំណាល​ប្រាប់​ ​អំពី​ដំណើរ​ជីវិត​ការងារ​របស់ ខ្លួន ដូច្នេះ​ថា ៖ "...​នាង​ខ្ញុំ​ ​ផ្ដើម​ធ្វើ​ការងារ​ពេញ​ម៉ោង​ នៅ​ឯ​​សមាគម​យុវជន​ខ្មែរ​ "ក្នុង​ឆ្នាំ​២០០៤ ។ តាំង​ពី​ឆ្នាំ​២០០៧​មក នាង​ខ្ញុំ​ បាន​និង​កំពុង​ធ្វើ​ការ​ ជា​អ្នក​ជំនួយ​ការ​កម្មវិធី​ "មូលនិធិ​ ហ្វ្រេឌិច ណៅមែន​" ។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ដែរ នាងខ្ញុំ​ ក៏​ជា​ប្រធាន​ស្ម័គ្រ​ចិត្ត​នៃ​ "សមាគម​គំនិត​​ផ្ដួច​ផ្ដើម នៃ​ការ​ផ្លាស់​ប្ដូរ​" ដែល​ជា​អង្គការ​យុវជន​ស្ម័គ្រ​ចិត្ត​ ស្ថិត​នៅ​រាជធានី​ភ្នំពេញ និង​មាន​​ការិយាល័យ​សាខា​មួយ​ នៅ​ខេត្ត​បាត់​ដំបង ។ ​តាំង​ពី​អាយុ​១៥ឆ្នាំ​មក​ នាង​ខ្ញុំ​ បាន​ចូល​ប្រឡូក​ក្នុង​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ជា​ច្រើន មាន​ជា​អាទិ៍ ការ​បោះ​​ជំរំ​យុវជន សិក្ខាសាលា កិច្ច​ប្រជុំ​ ការ​បង្រៀន​ភាសា​អង់គ្លេស​និង​កុំព្យូទ័រ​ ជំនួយការ​គម្រោង​អភិវឌ្ឍន៍​នានា និង​ការ​បង្កើត​គម្រោង​ជាច្រើន​ទៀត​សម្រាប់​យុវជន​​"។
ឈរ​លើ​ទស្សន​វិស័យ​​ច្បាស់​លាស់​របស់​ខ្លួន​ កញ្ញា​ នាង សុវត្ថានា​ បាន​បង្ហាញ​ពី​បែប​ផែន​នៃ​ទេពកោសល្យ​ដឹក​នាំ​របស់​ខ្លួន​ថា កញ្ញា​​ប្រើ​ប្រាស់​ភាព​ជា​អ្នក​ដឹក​នាំ​របស់​​កញ្ញា​ ដើម្បី​ជះ​ឥទ្ធិ​ពល​ដល់​មនុស្ស ដោយ​ការ​ផ្ដល់​ឲ្យ​អ្នក​ទាំងនោះ​ នូវ​គំរូ​វីរភាព​ណាមួយ​ដែល​បុគ្គល​នោះ​ពេញ​ចិត្ត​ ហើយ​និង​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ទាំង​នោះ​ ជឿជាក់​លើ​សក្ដានុពល​ដ៏​ប្រសើរ​​​បំផុត​ដែល​ខ្លួន​មាន​​ ។ កញ្ញា​បាន​បន្ថែម​ទៀត​ថា ជា​ដំបូង​ កញ្ញា​ផ្សារ​​ភ្ជាប់​​ទំនាក់ទំនង​ផ្ទាល់​ខ្លួន​ ជា​មួយ​អ្នក​ទាំងនោះ​ តាម​រយៈ​ការ​ចែក​រំលែក​រឿងរ៉ាវ​ផ្ទាល់​ខ្លួន និង​ការ​ជួយ​ពួកគេ​ដោះស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​។ កញ្ញា​បាន​ប្រកាន់​យក​ នូវ​ជំពូក​អ្នក​ដឹកនាំ​មួយ​បែប​ ដែល​កញ្ញា​​បាន​ឲ្យ​ដឹង​ ដូច្នេះ​ថា ៖ "នាង​ខ្ញុំ​ ចង់​ធ្វើ​ជា​អ្នក​ដឹក​នាំ​មួយ​ប្រភេទ ដែល​គិត​អំពី​ការ​បម្រើ​អ្នក​នៅ​ក្រោម​បង្គាប់​ ជា​ជាង​ការ​ពង្រឹង​ការ​បង្គាប់​បញ្ជា​របស់​ខ្ញុំ​​​ទៅ​លើ​ពួកគេ​"។
ជា​សមិទ្ធផល​ សុវត្ថានា​ បាន​​ប្រាប់​ថា៖ "ឥទ្ធិពល​ទី​១​នៃ​ការ​ដឹកនាំ​របស់​នាង​ខ្ញុំ​ ដែល​នាង​ខ្ញុំ​សង្កេត​ឃើញ​ គឺ​​បន្លាស់​ប្ដូរ​វិជ្ជមាន​ជាច្រើន​ របស់​យុវជន​ដែល​នៅ​ជុំ​វិញ​ខ្លួន​ ។ ពួកគេ​​ បាន​ប្រែ​ក្លាយ​​ ការ​គ្រាន់តែ​ចេះ​គិត​គូរ​​ថែទាំ​អំពី​ខ្លួន​ឯង​ ឲ្យ​ទៅ​ជា​ការ​ចេះ​​យកចិត្តទុកដាក់​ថែទាំ​សង្គម​ទាំងមូល​ ហើយ​បាន​ចាប់​ផ្ដើម​​ស្វែង​រក​វិធី​សាស្ត្រ​ ជួយ​​ធ្វើ​ឲ្យ​ប្រទេស​កាន់​តែ​​ប្រសើរ​​ឡើង​ ។ នាង​ខ្ញុំ​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ថា ប្រមាណ​ ១០នាក់ នៃ​យុវជន​ទាំងនោះ​ បាន​​ផ្ដើម​គំនិត​បង្កើត​គម្រោង​​ជាច្រើន ទាក់ទង​នឹង​ការ​ស្ម័គ្រ​ចិត្ត​នានា​ ក្រោម​កិច្ច​សម្រប​សម្រួល​ពី​សមាគម ។ ...ឥទ្ធិពល​ទី​២​នោះ​ គឺ​ថា ភាព​ជា​អ្នក​ដឹក​នាំ​របស់​នាង​ខ្ញុំ​ ត្រូវ​បាន​ប្រើ​ប្រាស់​ជា​គំរូវីរភាព​ សម្រាប់​យុវជន​ដទៃ​ទៀត ដែល​ជំរុញ​ឲ្យ​ពួក​គេ​ធ្វើ​សកម្ម​ភាព​និង​ជឿជាក់​លើ​ខ្លួន​ឯង"។
ក្រៅ​ពី​ជោគជ័យ​ ដែល​រៀប​រាប់​ទាំង​អំបាល​ម៉ាន​ខាង​លើ សុវត្ថានា​ ក៏​ជួប​ប្រទះ​នូវ​ការ​ប្រឈម​មួយ​ចំនួន​ដែរ ​​ទាក់​ទង​នឹង​ការ​គ្រប់​គ្រង​ពេល​វេលា ។ ទោះបី​ជា​ខិត​ខំ​បែង​ចែក​ការងារ​ទៅ​តាម​អាទិភាព​របស់​វា​យ៉ាង​ណា ក្ដី កញ្ញា​មាន​អារម្មណ៍​ថា ខ្លួន​ពុំ​ទាន់​ចេះ​គ្រប់គ្រង​ពេលវេលា​បាន​ល្អ ពិសេស​ពេល​ធ្វើ​ការងារ​ច្រើន​កន្លែង សិក្សា​ និង​ថែទាំ​ប្អូន​ៗ​​របស់​កញ្ញា​ ក្នុង​ពេល​តែ​មួយ​ជាមួយ​គ្នា ។ ថ្វី​បើ​យេនឌ័រ​ត្រូវ​បាន​កញ្ញា​ធ្លាប់​គិត​អាច​ជា​ឧបសគ្គ​ដល់​ភាព​ជា​អ្នក​ដឹក​នាំ​ កញ្ញា​បាន​ផ្លាស់​ប្ដូរ​ការ​គិត​នេះ ក្រោយ​ពី​កញ្ញា​បាន​ចូល​ប្រឡូក​ការងារ​ ក្នុង​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ហើយ​អះអាង​ថា ស្ត្រី​ត្រូវ​​បាន​គេ​ផ្ដល់​អាទិភាព​ជា​ច្រើន។
កញ្ញា នាង សុវត្ថានា បាន​ផ្ដល់​ជា​មតិ​យោបល់​ថា ៖ "គ្មាន​អ្វី​ដែល​អាច​ជួយ​ស្ត្រី​ឡើយ ប្រសិន​បើ​ស្ត្រី​មិន​ទទួល​ស្គាល់​នូវ​គុណ​តម្លៃ​និង​សក្ដានុពល​របស់​ខ្លួន​នោះ ។...ស្ត្រី​ត្រូវ​យល់​ថា​ ការ​កើត​មក​ជា​ស្ត្រី​ មិន​មែន​ជា​បន្ទុក​ទេ តែ​ជា​អត្ថ​ប្រយោជន៍​"៕